៤ក្រុមកំពូលតារាង មានភាគរយច្រើនបន្ដទៅ TOP4
ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី២៦រួចរាល់ ស្របពេលដែល ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត មានពិន្ទុគ្រប់គ្រាន់ដើម្បីរក្សាខ្លួន ក្នុងតំបន់ Top4 ទោះបីជាសល់១ប្រកួតទៀតក៏ដោយ និងដើម្បីប្រជែងពាននៅជុំទី៤បន្ដទៀត។
ខណៈដែលវិសាខា និង បឹងកេត ត្រូវប្រជែងគ្នា១ប្រកួតចុងក្រោយទៀតដើម្បីដណ្ដើមយកលេខ៣ ក្នុងតារាងចំណាត់ថា្នក់ ដោយ៖
វិសាខា ឆ្លងកាត់ ២៦ប្រកួត ឈ្នះ ១៣ប្រកួត ស្មើ ២ប្រកួត ចាញ់ ១១ប្រកួត ស៊ុតបាន ៤៩គ្រាប់ របូតវិញ ៣៩គ្រាប់ មាន៤១ពិន្ទុ ចំណែកឯ បឹងកេត វិញ ឆ្លងកាត់ ២៦ប្រកួត ឈ្នះ ១១ប្រកួត ស្មើ ៧ប្រកួត ចាញ់ ៨ប្រកួត ស៊ុតបាន ៥៩គ្រាប់ របូតវិញ ៤៥គ្រាប់ មាន៤០ពិន្ទុ។
សូមរំលឹកឱ្យដឹងផងដែរថា ការប្រកួតជម្រើសជើងឯក Cambodian Premier League រដូវកាល ២០២៣/២៤ មាន ១០ក្រុមដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ ដល់លេខ៤ និងមានឈ្មោះឡើងទៅប្រកួតជុំទី ៤ ដោយត្រូវជួបគ្នា ១ជុំបន្ថែមទៀត ហើយក្រុមដែលមានពិន្ទុសរុបខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯក៕