តើកម្ពុជាអាចកែប្រែប្រវត្តិសាស្ត្រលើកដំបូងក្នុងការប្រកួតនៅរាត្រីនេះបានដែររឺទេ?
ក្រុមជម្រើសជាតិកម្ពុជា នឹងបើទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលស្វាគមន៏ក្រុមភ្ញៀវ មកពីហុងកុង ក្នុងការប្រកួតមិត្តភាពអន្ដរជាតិនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ យប់នេះ។
នៅក្នុងសន្និសិទ្ធមុនការប្រកួតលោក Jørn Andersen ជាគ្រូបង្គោលក្រុមហុងកុងបានលើកឡើងថា៖ «ពួកយើងរីករាយដែរបានមកទីនេះ ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា។ ខ្ញុំគិតថាការប្រកួតនេះជាការប្រកួតមួយដ័តានតឹង ព្រោះអីខ្ញុំទើបតែមកដឹកនាំក្រុមហុងកុង ប្រកួតជាមួយកម្ពុជាបានតែម្ដងប៉ុណ្ណោះនៅប្រទេសឥណ្ឌា ពេលនោះយើងឈ្នះកម្ពុជា៣ទល់០។ ចំពោះកីឡាករដែលចូលសញ្ជាតិនោះ មិនមែនជារឿងចម្លែកនោះទេ បើនិយាយពីប្រទេសថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន វិញក៏មានកីឡាករចូលសញ្ញាតិក្នុងក្រុមជម្រើសជាតិរបស់ពួកគេផងដែល ដូចនេះលោកគិតថា ជារឿងធម្មតា សំខាន់លោកត្រូវដឹកនាំក្រុមជម្រើសជាតិហុងកុង ឱ្យខ្លាំងជាងឆ្នាំមុនៗ ជាពិសេសគោលដៅ FIFA World Cup 2026 »។
ចំណែកឯលោក Felix Dalmas គ្រូកម្ពុជាបានលើកឡើងថា៖ «
នេះជាការប្រមូលផ្ដុំលើកទី២សម្រាប់ខ្ញុំ ហើយយើងបានបោះជំរុំហ្វឹកហាត់បាន៦ថ្ងៃ ។ សម្រាប់ការលេង ជាមួយហុងកុងជាការប្រកួតមួយដ៏ល្អ ព្រោះហុងកុងជាក្រុមខ្លាំងហើយការប្រកួតនេះជាការប្រកួតមួយ សម្រាប់យើងក្នុងការពង្រឹងក្រុមបន្ថែមទៀត ។ ដោយសារតែក្នុងថ្ងៃ FIFA DAY នេះ ក្រុមជម្រើសជាតិកម្ពុជាមានភារកិច្ច ២ ផ្សេងគ្នាហើយយើងបានបែងចែកកីឡាករក្មេងៗមួយចំនួន ដែលល្អៗដើម្បីប្រកួតពានរង្វាន់ AFC U23 Asian Cup ប៉ុន្តែយើងក៏មានកីឡាករផ្សេង ទៀតដែលជាកីឡាករល្អផងដែលដើម្បីត្រៀមខ្លួនប្រកួតទល់និងហុងកុង និង ម៉ាកាវ ។ ដូច្នេះការប្រកួតមិត្តភាពទាំងពីរនេះគឺដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2026 ក្នុងខែតុលាខាងមុខនេះ» ។
គួររំលឹកឱ្យដឹងផងដែរថា ៥ប្រកួតចុងក្រោយរបស់ ហុងកុង ដែលបានលេងតទល់នឹងក្រុមក្នុងតំបន់អាស៊ាន យើងឃើញថាហាក់មិនទទួលបានលទ្ធផលផ្លែផ្កាណាមួយឡើយ ដោយ ៖ ខែកញ្ញា ឆ្នាំ២០២២ ស្មើ មីយ៉ាន់ម៉ា ០-០ ខែមីនា ឆ្នាំ២០២៣ ស្មើ សិង្ហបុរី ០-០ ខែមីនា ឆ្នាំ២០២៣ ចាញ់ ម៉ាឡេស៊ី ២-០ ខែមិថុនា ឆ្នាំ២០២៣ ចាញ់ វៀតណាម ១-០ ខែមិថុនា ឆ្នាំ២០២៣ ចាញ់ ថៃ ១-០ សម្រាប់ប្រវត្តិជួបគ្នារវាង កម្ពុជា និង ហុងកុង ឯណេះវិញ យើងធ្វើបានល្អបំផុតដោយបិទត្រឹមស្មើ ១-១ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ការជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២២៕