ភ្នំពេញក្រោន ត្រៀមទទួល Kitchee នៅកម្ពុជា ខណៈ ព្រះខ័នរាជស្វាយរៀង ទៅជួប Tampines Rovers ថ្ងៃស្អែកនេះ

Admin
28 Oct 2026 06:19
66

ក្លិបបាល់ទាត់តំណាងកម្ពុជាទាំងពីរ គឺព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងបន្តបេសកកម្មប្រកួតប្រជែងលើឆាកអន្តរជាតិ ក្នុងពានរង្វាន់ AFC Champions League Two រដូវកាល ២០២៦/២៧ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅប្រទេសសិង្ហបុរី ជួបក្រុមម្ចាស់ផ្ទះ Tampines Rovers ខណៈភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុម Kitchee SC របស់ហុងកុង នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦។
 
ការប្រកួតទាំងពីរនេះ គឺជាជំនួបក្នុងវគ្គចែកពូលជុំទី៣ ដែលមានសារៈសំខាន់សម្រាប់ក្រុមតំណាងកម្ពុជា ក្នុងការរកពិន្ទុ និងបង្កើនឱកាសឆ្ពោះទៅកាន់វគ្គបន្តនៃពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ីមួយនេះ។
 
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយក្រុម Tampines Rovers នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ក្នុងពូល G។ ការប្រកួតនេះជាឱកាសសម្រាប់ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៥សម័យកាល ក្នុងការស្វែងរកពិន្ទុបន្ថែម បន្ទាប់ពីប្រកួតស្មើក្រុម Shanghai Shenhua របស់ចិន ដោយលទ្ធផល ០-០ ក្នុងជំនួបមុន។


 
ក្រុមព្រះខ័នរាជស្វាយរៀង មានត្រឹម១ពិន្ទុប៉ុណ្ណោះ និងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល G ក្រោយការប្រកួតជុំទី២។ ដូច្នេះ ជំនួបជាមួយ Tampines Rovers នឹងក្លាយជាការប្រកួតដ៏សំខាន់សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការប្រជែងយក៣ពិន្ទុ និងបន្តរក្សាក្តីសង្ឃឹមក្នុងពូល។ សម្រាប់ Tampines Rovers វិញ ក្រុមតំណាងប្រទេសសិង្ហបុរីមួយនេះ ក៏មានមហិច្ឆតាប្រកួតប្រជែងនៅលើឆាកអាស៊ីដូចគ្នា។ ការលេងនៅក្នុងទឹកដីខ្លួនឯង អាចជាកត្តាជំរុញទឹកចិត្តមួយ ប៉ុន្តែព្រះខ័នរាជស្វាយរៀង ក៏មានបទពិសោធន៍ជាច្រើនក្នុងការប្រកួតកម្រិតអន្តរជាតិ និងត្រូវបានរំពឹងថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមលទ្ធផលល្អត្រឡប់មកកម្ពុជាវិញ។


 
ដោយឡែក ក្រុមភ្នំពេញក្រោន នឹងត្រូវទទួលស្វាគមន៍ក្រុម Kitchee SC មកពីហុងកុង នៅកីឡដ្ឋានជាតិមរតកតេជោ ក្នុងពូល H វេលាម៉ោង ៧:១៥ នាទីយប់ ។
ភ្នំពេញក្រោន កំពុងបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍នៅក្នុងពានរង្វាន់នេះ ដោយទទួលបានជ័យជម្នះ ២ប្រកួតជាប់គ្នា ក្រោយយកឈ្នះក្រុម Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ក្នុងការប្រកួតជុំទី២។ លទ្ធផលនេះបានធ្វើឱ្យក្រុមតំណាងកម្ពុជាមួយនេះ ឈរនៅកំពូលតារាងពូល H ដោយមាន ៦ពិន្ទុពេញ។
ក្នុងជំនួបជាមួយ Kitchee នឹងក្លាយជាឱកាសដ៏សំខាន់សម្រាប់ភ្នំពេញក្រោន ក្នុងការបន្តរក្សាទម្រង់លេង និងបង្កើនគម្លាតពិន្ទុពីក្រុមប្រជែងក្នុងពូល។ ទោះជាយ៉ាងណា ក្រុមម្ចាស់ផ្ទះក៏ត្រូវប្រុងប្រយ័ត្នចំពោះសមត្ថភាពរបស់គូប្រកួត ដែលបានបង្ហាញថាអាចប្រកួតប្រជែងបានយ៉ាងស្វិតស្វាញក្នុងវគ្គចែកពូល។


ការលេងនៅលើទឹកដីកម្ពុជា និងការគាំទ្រពីអ្នកគាំទ្រដ៏ច្រើន នឹងក្លាយជាកម្លាំងចិត្តសម្រាប់ភ្នំពេញក្រោន ក្នុងការស្វែងរកលទ្ធផលវិជ្ជមានបន្ថែមទៀត។
 
បងប្អូនអ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា រង់ចាំមើលថាតើក្រុមតំណាងជាតិទាំងពីរអាចបង្ហាញសមត្ថភាពបានកម្រិតណា និងនាំមកនូវលទ្ធផលល្អសម្រាប់បាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ សូមចូលរួមគាំទ្រដល់ក្រុមកីឡាកររបស់យើងទាំងអស់គ្នា៕

Admin
28 Oct 2026 06:19
66