ព្រះខ័នរាជស្វាយរៀង ឈ្នះពិន្ទុដាច់ ក្លាយជាម្ចាស់ជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២០២៦
ក្នុងការប្រកួតសប្ដាហ៍ទី២៨ ព្រះខ័នរាជស្វាយរៀង បានបង្ហាញទម្រង់លេងដ៏រឹងមាំ ដោយយកឈ្នះក្លិបអឹម អូ អាយ កំពង់ដេវ៉ា ជាមួយលទ្ធផល ៣-២។ ជ័យជម្នះដ៏សំខាន់នេះ មិនត្រឹមតែបន្ថែមពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យក្រុមក្លាយជាម្ចាស់ជើងឯក ខេមបូឌានព្រីមៀរលីគ សម្រាប់រដូវកាល ២០២៥/២០២៦ ផងដែរ។
លទ្ធផលដ៏ល្អនេះ បង្ហាញពីភាពរឹងមាំ និងសមត្ថភាពរួមរបស់ក្រុម ព្រះខ័នរាជស្វាយរៀង ទាំងផ្នែកបច្ចេកទេស កម្លាំងកីឡាករ និងយុទ្ធសាស្ត្រដឹកនាំរបស់គ្រូបង្វឹក។ ក្រុមបានរក្សាទម្រង់លេងយ៉ាងមានស្ថេរភាពពេញមួយរដូវកាល និងអាចឆ្លងកាត់ការប្រកួតប្រជែងយ៉ាងតានតឹង ដោយទទួលបានជ័យជម្នះជាបន្តបន្ទាប់។
បន្ទាប់ពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៨ ព្រះខ័នរាជស្វាយរៀង មានសរុប ៦៥ ពិន្ទុ ឈរនៅកំពូលតារាង ដោយមានគម្លាតយ៉ាងច្បាស់ពីក្រុមដទៃ។ ភ្នំពេញក្រោន ឈរនៅលេខ២ មាន ៥០ ពិន្ទុ ខណៈអង្គរថាយហ្គឺរ និងបឹងកេត មាន ៤៤ ពិន្ទុស្មើគ្នា។ ចំណែកណាហ្គាវើលដ៍ មាន ៤១ ពិន្ទុ ហើយអឹម អូ អាយ កំពង់ដេវ៉ា មាន ៣៤ ពិន្ទុ។
គួររំលឹកផងដែរថា នេះជាការឈ្នះជើងឯកលើកទី៣ជាប់ៗគ្នារបស់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីពួកគេធ្លាប់ឈ្នះពាននេះក្នុងរដូវកាល ២០២៣/២០២៤ និង ២០២៤/២០២៥៕


Preah Khan Reach Svay Rieng Cambodian Premier League Title 2025/2026
Week 28, Preah Khan Reach Svay Rieng delivered another strong performance, defeating MOI Kampong Dewa 3–2. This crucial victory not only added points to the team but also officially secured them the Cambodian Premier League title for the 2025/2026 season.
This success highlights the team’s overall strength, including their technical quality, player performance, and effective coaching strategies. Throughout the season, Svay Rieng maintained consistent form and successfully navigated many tough matches, earning positive results week after week.
After 28 weeks, Preah Khan Reach Svay Rieng sits firmly at the top of the table with 65 points, holding a clear gap over the chasing teams. Phnom Penh Crown are in second place with 50 points, while Angkor Tiger FC and Boeung Ket FC are tied with 44 points each. NagaWorld FC follows with 41 points, and MOI Kampong Dewa FC has 34 points.
Preah Khan Reach Svay Rieng’s third consecutive league title, following their championship wins in the 2023/2024 and 2024/2025 seasons, respectively.



