វីដេអូជំនួយសម្រាប់មន្ដ្រីអាជ្ញាកណ្តាល (VAR) និងបន្ទប់ប្រតិបត្តិការវីដេអូ (VOR) នឹងរៀបចំផ្ទាល់នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ 

Admin
25 Apr 2025 00:35
1575

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League™ 2024/25 រវាង ព្រះខ័នរាជស្វាយរៀង និងក្លិប FK Arkadag នឹងធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ ប្រទេសកម្ពុជា។

យោងតាមការប្រកាសរបស់ AFC ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League™ 2024/25 នឹងប្រើប្រាស់ វីដេអូជំនួយអាជ្ញាកណ្ដាល ឬ ហៅកាត់ថា VAR ផងដែរ ដើម្បីឱ្យការប្រកួតកាន់តែសុក្រិត និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។

ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រវាងភាគីពាក់ព័ន្ធខាងកម្ពុជា ជាមួយ លោក Kasih Budi Prabowo និងលោក Yossarun Kousurat ដែលជាក្រុមបច្ចេកទេសរបស់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីរសៀលម្សិលមិញនេះបានឱ្យដឹងថា ការរៀបចំវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬ បន្ទប់ប្រតិបត្តិការវីដេអូ - Video Operation Room (VOR) នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុង ពហុកីឡដ្ឋានជាតិ មរតកតេជោ ផ្ទាល់តែម្តង ដែលមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។

គួរឱ្យដឹងផងដែរការប្រកួតនៅក្នុងទឹកដីកម្ពុជាយើងក៏ធ្លាប់ប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាលនេះរួចជាច្រើនដងមកហើយចាប់តាំងពីការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 និងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ហើយកាលនោះគឺយើងបញ្ជូនរូបភាពទាំងអស់ទៅទីស្នាក់ការរបស់ AFF នៅឯប្រទេសម៉ាឡេស៊ី រឺក៏ប្រទេសសិង្ហបុរី ដើម្បីឱ្យក្រុមមន្ត្រីអាជ្ញាកណ្ដាលជំនាញពិនិត្យ នឹងឆ្លើយតបមកកាន់ប្រទេសកម្ពុជាវិញ តែសម្រាប់ប្រតិបត្តិមួយ វាធ្វើឱ្យការពិនិត្យរៀងមានភាពរអៈរអួលបន្តិចបន្ទួច ដោយសារប្រព័ន្ធអុីធឺណេត មិនសូវរលូនពេលខ្លះ តែពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងរៀបចំសម្ភារៈមកដំឡើងផ្ទាល់ទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រខាងមុខនេះតែម្ដង។

គួរបញ្ជាក់ផងដែរថាការប្រកួតមួយនេះ ខាងបច្ចេកទេស វីដេអូជំនួយសម្រាប់ក្រុមមន្ដ្រីអាជ្ញាកណ្តាល (VAR) នឹងសហការជាមួយក្រុមហ៊ុនទូរទស្សន៍ធំក្នុងស្រុករបស់យើងគឺ BTV News សម្រាប់ការប្រើប្រាស់កាំមេរ៉ាផ្សាយផ្ទាល់ទាំងអស់ចំនួន១០ដើម រួមជាមួយនឹងប្លង់សម្រាប់ពនិត្យនៅក្នុងពេលប្រកួតផ្ទាល់ផងដែរ។