តើកីឡាករកម្ពុជារូបណានឹងចូលរួមជាមួយក្រុម ASEAN All Stars ដើម្បីលេងទល់និងបិសាចក្រហម ​Manchester Utd ?​

Admin
13 Apr 2025 00:49
773

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នឹងរៀបចំការប្រកួតកីឡាបាល់ទាត់ រវាងក្រុម ASEAN all-stars ជាមួយក្រុម Manchester United នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នាកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី។  នេះបើយោងតាមសេចក្ដីព័ត៌មានប្រកាសផ្លូវការរបស់ AFF កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

បើតាមសេចក្ដីប្រកាសនោះ ប្រទេសទាំង១២ ដែលជាសមាជិករបស់AFF រួមមានកម្ពុជា អូស្ត្រាលី ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ទីម័រខាងកើត ថៃ និងវៀតណាម​នឹងត្រូវចូលរួមប្រកួតពានរង្វាន់ Maybank Challenge Cup។ នៅក្នុងប្រទេសទាំងនេះ យ៉ាងហោចណាស់ ក៏មានកីឡាករជម្រើសជាតិកំពូលចំនួនពីររូប នឹងត្រូវបានជ្រើសរើសចូលរួមក្រុម ASEAN all-stars ប៉ះបីសាចក្រហម Manchester United នៅខែឧសភាខាងមុខនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បាននិយាយថា៖ «នេះមិនមែនត្រឹមតែជាការប្រកួតបាល់ទាត់ទេ ប៉ុន្តែវាគឺជាអបអរសាទរនៃការដឹកនាំ មោទកភាពក្នុងតំបន់ និង សាមគ្គីភាពតាមរយៈកីឡា» ។

នៅក្នុងសេចក្ដីប្រកាសនោះក៏បានគូសបញ្ជាក់ផងដែរថា​ AFF បានសម្រេចឱ្យលោក KIM SANG-SIK ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវៀតណាម មកដឹកនាំក្រុម ASEAN all-stars។ សូមជម្រាបថា លោក KIM SANG-SIK បានដឹកនាំក្រុមជម្រើសជាតិវៀតណាម ប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup រដូវកាលឆ្នាំ ២០២៤ ដោយមិនធ្លាប់ស្គាល់ពាក្យថាចាញ់ឡើយ។


ដូចច្នេះតើកីឡាករជម្រើសជាតិកម្ពុជាពីររូបណា នឹងត្រូវបានលោក KIM SANG-SIK កោះហៅឱ្យចូលរួមក្រុម ASEAN all-stars ?