អង្គរថាយហ្គឺរក្លាយជាក្រុមទី៣ក្នុងតំបន់ TOP6 ដែលអស់ឱកាសប្រជែងពាន CPL ឆ្នាំនេះ !
ក្លិបបាល់ទាត់អង្គរថាយហ្គឺរក្លាយជាក្រុមទី៣ហើយដែលអស់ឱកាសប្រជែងពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ ២០២៤/២៥ បន្ទាប់ពីប្រកួតចាញ់ភ្នំពេញក្រោន ក្នុងទឹកដីខ្លួនឯង ១ទល់៣ កាលពីថ្ងៃអាទិត្យ កន្លងទៅ ។

ក្នុងនោះបន្ទាប់ពីប្រកួតសប្ដាហ៍ទី២៦ បានបញ្ចប់ទៅយើងបានឃើញថាមាន ៣ក្រុមនៅតែបន្ដប្រជែងពិន្ទុគ្នាដដែលបន្ទាប់ពីពួកគេបានប្រកួតឈ្នះរៀងៗខ្លួន ហើយ៣ទាំងនោះរួមមាន៖ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មាន ៦១ពិន្ទុ បន្ទាប់ពីយកឈ្នះ ណាហ្គាវើលដ៍ ៤ទល់០ តាមពីក្រោយដោយលេខ២ សិង្ហក្រហមភ្នំពេញក្រោន មាន ៦០ពិន្ទុ បន្ទាប់ពីយកឈ្នះ អង្គរថាយហ្គឺរ ៣ទល់១ និងលេខ៣ វិសាខា មាន ៥៦ពិន្ទុ បន្ទាប់ពីយកឈ្នះបឹងកេត ៣ទល់១ ដូចគ្នា ។

គួរឱ្យដឹងផងដែរថាសម្រាប់ការប្រកួតចុងសប្ដាហ៍នេះរួមមាន៖ ថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ គិរីវង់សុខសែនជ័យ ទទួល ឡាយហ្វ ខេត្តព្រះសីហនុ វេលាម៉ោង ០៣:៤៥នាទីល្ងាច និង ភ្នំពេញក្រោន ជួប ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០នាទីល្ងាច ចំណែកឯថ្ងៃអាទិត្យ ទី០៦ អង្គរថាយហ្គឺរ ទទួល វិសាខា វេលាម៉ោង ៦:០០នាទីល្ងាច បឹងកេត ទទួល ណាហ្គាវើលដ៍ វេលាម៉ោង ៦:០០នាទីល្ងាច និងមួយគូចុងក្រោយ កងយោធពលខេមរភូមិន្ទ ទទួល អាយអេសអាយដង្កោសែនជ័យ វេលាម៉ោង ៦:០០នាទីល្ងាច ដូចគ្នាផងដែរ ៕


