ជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមមកពីមហាសមុទ្រអាត្លង់ទិក ខាងជើង អារូបា ស្អែកនេះ !
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមមកពីដែនដីកោះការ៉ាអ៊ិប នៃមហាសមុទ្រអាត្លង់ទិកខាងជើង អារូបា យប់ស្អែកនេះ វេលាម៉ោង ៧:០០ នាទីយប់។

កម្ពុជាមុនពេលជួបជាមួយអារូបា បានធ្វើដំណើរទៅប្រកួតមិត្តភាពអន្ដរជាតិជាមួយនឹង វៀតណាម កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅដោយបញ្ចប់ទៅដោយម្ចាស់ផ្ទះវៀតណាម បានយកឈ្នះកម្ពុជាដោយលទ្ធផល ២ទល់១ នាកីឡដ្ឋាន Gò Đậu, ខេត្ត Binh Duong ប្រទេសវៀតណាម ចំណែកឯក្រុម ជម្រើសជាតិអារូបា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីធ្វើការប្រកួតមិត្តភាពចំនួន ២ប្រកួត ជាមួយ ក្លិបបាល់ទាត់វិសាខា និងក្រុមជម្រើសជាតិកម្ពុជា ហើយកាលពីថ្ងៃទី២២ កន្លងទៅក្រុមជម្រើសជាតិអារូបា ប្រកួតចាញ់វិសាខា ដោយទលទ្ធផល ៣ទល់១ នាកីឡដ្ឋាន ព្រីនស៍ ។

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអារូបា លោក Marvic Bermúdez ក៏ធ្លាប់បានលើកឡើងថា ការជាមួយកម្ពុជា ជាការប្រកួតដ៏ជក់ចិត្តមួយ ពីព្រោះចំណាត់ថ្នាក់បាល់ទាត់ពិភពលោករបស់ FIFA ក្រុមទាំងពីរគឺស្ថិតលេខរៀងប្រហាក់ប្រហែលគ្នា

ខណៈដែលលោកគ្រូ Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងប្រាប់ក្នុងអំឡុងពេលហ្វឹកហាត់ថា ដូចអ្នកទាំងអស់គ្នាដឹងហើយថា អារូបាជាក្រុមមួយដែលយើងមិនសូវស្គាល់ ហើយយើងមិនសូវបានដឹងពីការប្រកួតរបស់ពួកគេ ហើយលោកគិតថា ការប្រកួតនេះនឹងលំបាកសមរាប់ក្រុមគោព្រៃកម្ពុជាផងដែរ។

សូមជម្រាបថា ចំណាត់ថ្នាក់បាល់ទាត់ពិភពលោករបស់ FIFA ក្រុមបាល់ទាត់ជម្រើសជាតិអារូបា ស្ថិតនៅលេខរៀងទី១៩៥ ចំណែកជម្រើសជាតិកម្ពុជាស្ថិតនៅលេខរៀងទី១៨០ ។ ចំពោះក្រុមជម្រើសជាតិអារូបា គឺមកពីទ្វីបអាមេរិកខាងត្បូង ដែលជាក្រុមរបស់ប្រទេសដីកោះមួយឈ្មោះថាអារូបា ដែលជាអតីតដែនដីរបស់ប្រទេសហូឡង់៕

