២ថ្ងៃទៀត ព្រះខ័នរាជស្វាយរៀង ត្រូវទទួល Shan United ជាថ្មី នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ព្រះខ័នរាជស្វាយរៀង ត្រូវទទួល Shan United សារជាថ្មីនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ នៃការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 វគ្គ៨ក្រុមចុងក្រោយជើងទី១ នាពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧:០០នាទីយប់។
ព្រះខ័នរាជស្វាយរៀងបានត្រៀមខ្លួនយ៉ាងល្អប្រសើរដោយនាំចូលកីឡាករបរទេសល្អៗ មកចូលរួមក្រុមផងដែរ។ បច្ចុប្បន្ន ក្រុមតំណាងកម្ពុជា មានកីឡាករបរទេសចំនួន៧នាក់ ដើម្បីជួយក្នុងព្រឹត្តិការណ៍នេះរួមមាន ដូចជា៖ Gabriel Silva, Cristian Roque, Breno Caetano, Matheus Moresche, Takashi Odawara, Ryo Fuji និង Bounphachan Bounkong ខណៈដែលក្រុម Shan United ក៏មិនធម្មតានោះដេរ ដោយពួកគេទើបតែឈ្នះ Hantharwady United ៤ទល់០ លើកពានរង្វាន់លីគកំពូលមីយ៉ាន់ម៉ាទី៦ថ្មីៗរបស់ខ្លួន ហើយពេលនេះ Shan United ក៏បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលយប់មិញនេះផងដែរ។

ក្រុមទាំង២ធ្លាប់ជួបគ្នាកាលពីខែកុម្ភៈម្ដងរួចមកហើយនាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្នុងលទ្ធផល ៤ទល់២ នៃការប្រកួត AFF Asean Club Champion Ship វគ្គជម្រុះក្នុងពូល។
គួរឱដឹងផងដែរថា ព្រះខ័នរាជស្វាយរៀង បានទទួលការយល់ព្រមពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ក្នុងការប្រើពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីទទួលក្រុមភ្ញៀវ។ ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយ Shan United ជើងទី១ នៅថ្ងៃទី០៦ ខែមីនា និងជើងទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ៕

