ភ្នំពេញក្រោនទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្ត ក្នុង eCPL សបា្ដហ៍ទី១៦

Admin
22 Feb 2025 17:20
667

កាលពីថ្ងៃសុក្រ​ ទី២១ ខែកុម្ភៈ ដែលជាថ្ងៃប្រកួតអ៊ីខេមបូឌានព្រីមៀរលីគសបា្ដហ៍ទី១៦ កីឡាករ​ ផាន់ណា​ របស់​វិសាខាបានបោះបង់ការប្រកួតរបស់ខ្លួនដែលត្រូវប្រកួតជាមួយនឹងភ្នំពេញក្រោននៅវេលា ម៉ោង ០៥:៣០ នាទីល្ងាច ក្រោមមូលហេតុដោយសារកីឡាករវិសាខារូបនេះមានធុរៈផ្ទាល់ខ្លួនមិនអាចមកប្រកួតទាន់ពេលវេលាបាន។

តែយ៉ាងណាមិញ​ អំឡុងពេលប្រកួតសម្រាប់សបា្ដហ៍ទី១៦​នេះ ក្រុមការងាររៀបចំការប្រកួតក៏បានកពន្យានិងលើកការប្រកួតរវាងវិសាខានិងភ្នំពេញក្រោនតាំងពីម៉ោង ម៉ោង ០៥:៣០ នាទីល្ងាច ដើម្បីរង់ចាំកីឡាករ ផាន់ណាផងដែរ បន្ទាប់ពីរង់ចាំ រហូតដល់ ម៉ោង ០៧:៣០ នាទីយប់ កីឡាករបញ្ជាក់មកក្រុមការងាររៀបចំការប្រកួតថាមិនអាចមកប្រកួតបាន ដោយសារធុរៈមិនទាន់រួចរាល់។

បន្ទាប់ពីមានបញ្ហានេះកើតឡើង ការប្រកួតរបស់ក្រុមទាំងពីរត្រូវបានរាប់ជាជ័យជម្នះសម្រាប់ភ្នំពេញក្រោនដោយស្វ័យប្រវត្តិនិងទទួលបានបីពិន្ទុ ក្នុងលទ្ធផល ៣ទល់០​ ដោយយោងទៅតាមបទបញ្ជារបស់ការប្រកួតដែលបានរៀបចំរួចស្រាប់តាំងពីមុនរដូវកាលចាប់ផ្ដើម។ 

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ការប្រកួតសបា្ដហ៍ទី១៦ ណាហ្គាវើលដ៍នៅតែបន្តឈរកំពូលតារាងដដែលដោយមាន៣៧ពិន្ទុក្នុងដៃក្រោយយកឈ្នះគិរីវង់សុខសែនជ័យក្នុងលទ្ធផល ៥ទល់០  តាមពីក្រោយដោយភ្នំពេញក្រោនដែលមាន២៨ពិន្ទុ ខណៈវិសាខាបន្តនៅចំណាត់ថ្នាក់លេខ១១ដដែលដោយមានត្រឹម៣ពិន្ទុ។