ព្រះខ័នរាជស្វាយរៀង ឡើងឈកំពូលតារាងបណ្តោះអាសន្ន ភ្នំពេញក្រោនបានត្រឹមស្មើ អង្គរថាយហ្គឺរ

Admin
10 Feb 2025 10:06
860

ក្លិបព្រះខ័នរាជស្វាយរៀងឡើងកំពូលជាលើកដំបូងក្នុងសប្ដាហ៍ទី២១ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ក្រោយពីប្រកួតឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ លទ្ធផល ៣ទល់១ នាកីឡដ្ឋានឡាយហ្វ ខណៈដែលភ្នំពេញក្រោនបានត្រឹមស្មើម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១ទល់១ នាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ កាលពីយប់មិញផងដែរ។

បន្ទាប់ពីបានយកឈ្នះឡាយហ្វ ធ្វើឱ្យព្រះខ័នរាជស្វាយរៀងមាន ៤៩ពិន្ទុ លើសភ្នំពេញក្រោនត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីភ្នំពេញក្រោនភ្លាត់ស្មើរជាមួយអង្គរថាយហ្គឺរ បានត្រឹម១ពិន្ទុ ធ្លាក់មកលេខ២ ជាលើកដំបូងផងដែរ។ 

ខណៈដែលបឹងកេតមានសុវត្ថិភាពក្នុងតំបន់ TOP6 ទោះនៅសល់១ប្រកួតទៀតក៏ដោយ បន្ទាប់ពីពួកគេបានយកឈ្នះ អាយអេសអាយ ដោយលទ្ធផលមិនគួរឱ្យជឿ ៨ទល់១ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។  

គួរឱ្យដឹងផងដែរថាការប្រកួតក្នុងដំណាក់កាលទី២ តំបន់ TOP6 (ក្រុមកំពូលតារាងទាំង៦) និង BOTTOM 5 (ក្រុមចំណាត់ខាងក្រោមទាំង៥) នឹងចាប់ផ្ដើមប្រកួតបន្ដនៅសប្ដាហ៍ទី២៣ ថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕