logo

ការប្រកួត បឹងកេត ជាមួយ ភ្នំពេញក្រោន នឹងមានមន្រ្តីអាជ្ញាកណ្ដាល ៦រូបកាត់សេចក្តី

Admin
28 Nov 2024 10:22
945

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៤ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ យប់ ខាងមុខនេះ ហើយការប្រកួត ដ៏កក្រើកប្រចាំសប្តាហ៍នេះ ដែលបងប្អូនអ្នកគាំទ្រតែងតែហៅថា The Classic Match រវាងបឹងកេត ជាមួយ ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតមុនគេនៅល្ងាចថ្ងៃសុក្រ ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

 
 
អ្វីដែលកាន់តែពិសេស នឹងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជានោះគឺជំនួបដ៏ធំខ្លាំងមួយនេះនឹងមានមន្ដ្រីអជ្ញាកណ្ដាលចំនួន៦រូប កាត់សេចក្តីនៅលើទីលាន ក្រោយពីបានសិក្សាវគ្គសុចរិតភាព និងច្បាប់នៃការប្រកួតបាល់ទាត់ ក្រោមកិច្ចសហការ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)  និង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដែលធ្វើបទបង្ហាញដោយផ្ទាល់ពីគ្រូឧទ្ទេស អញ្ជើញមកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី កាលពីសប្ដាហ៍មុនកន្លងទៅផងដែរ ក្រោមការរៀបចំដោយក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ។

 
 
គោលបំណងនៃការបន្ថែមមន្រ្ដីជំនួយការអាជ្ញាកណ្ដាល ២រូប ឈរនៅជិតបង្គោលទីខាងឆ្វេង (ទាំងសងខាង) គឺដើម្បីផ្តល់នូវភាពច្បាស់លាស់ជាងមុនក្នុងការវិនិច្ឆ័យ និងសម្រាប់ជាជំនួយយ៉ាងសំខាន់ដល់អាជ្ញាកណ្តាលនៅលើទីលាន ជាពិសេសក្នុងតំបន់ផ្ទៃប៉េណាល់ទី។


 
គួរបញ្ជាក់ផងដែរថា ការបន្ថែមមន្ដ្រីជំនួយការអាជ្ញាកណ្ដាលនៅលើទីលាន នឹងចាប់ផ្ដើមអនុវត្តន៍ចាប់ពីសប្តាហ៍ទី១៤ តទៅ។