ជម្រើសជាតិកម្ពុជា ប៉ះហុងកុងស្អែកនេះ ខណៈខេមបូឌានព្រីមៀរលីគចាប់ផ្តើមបន្ដនៅចុងសប្ដាហ៍នេះ!
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើការប្រកួតមិត្តភាពទី២របស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិហុងកុង លើទឹកដីហុងកុង នាថ្ងៃស្អែក ទី១៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ យប់ នាពហុកីឡដ្ឋានជាតិរបស់ហុងកុង ។
មុននឹងឡើងទៅជួបជាមួយហុងកុងក្រុមជម្រើសជាតិកម្ពុជាបានប្រកួតមិត្តភាពឈ្នះ ឆាយនីស តៃប៉ិ ដោយលទ្ធផល ៣ទល់២ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមទស្សនិកជនប្រមាណជា ១២៥៨៩ នាក់ ។
ក្រោយពីបញ្ចប់ការប្រកួតជាមួយហុងកុង នៅថ្ងៃស្អែកនេះ ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមបន្ដសប្ដាហ៍ទី៨ នៅចុងសប្ដាហ៍នេះតែម្ដង ដោយថ្ងៃសៅរ៍ ទី១៩ មានការប្រកួត ៣ប្រកួត និង ថ្ងៃអាទិត្យ ទី២០ មាន ២ប្រកួត។
សូមបញ្ជាក់ឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៧នេះ ក្រុមភ្នំពេញក្រោន ឈរកំពូលតារាង ៦ប្រកួត ឈ្នះទាំង៦ មាន ១៨ពិន្ទុពេញ មានគ្រាប់បាល់ចំណេញ ២៤គ្រាប់, លេខ២ វិសាខា ៧ប្រកួត ឈ្នះ ៥ ចាញ់២ មាន១៥ពិន្ទុ មានគ្រាប់បាល់ចំណេញ ១២គ្រាប់, លេខ៣ អង្គរថាយហ្គឺរ ៦ប្រកួត ឈ្នះ ៥ ចាញ់១ មាន១៥ពិន្ទុ មានគ្រាប់បាល់ចំណេញ ៦គ្រាប់, លេខ៤ ព្រះខ័នរាជស្វាយរៀង ៥ប្រកួត ឈ្នះ៤ ចាញ់១ មាន១២ពិន្ទុ មានគ្រាប់បាល់ចំណេញ ១៦គ្រាប់, និងលេខ៥ អាយអេសអាយ ដង្កោសែនជ័យ ៦ប្រកួត ឈ្នះ៣ ស្មើរ ១ ចាញ់២ មាន៩ពិន្ទុ ជំពាក់គ្រាប់បាល់គេ ១គ្រាប់៕